រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់
និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅ តាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត
ច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធមនុញ្ញភាព។
ដោយយល់ពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាសេនាធិការលើការងាររដ្ឋបាល គតិយុត្ត បច្ចេកទេសរបស់ព្រឹទ្ធសភា
រួមជាមួយទីប្រឹក្សាច្បាប់ជាន់ខ្ពស់អមព្រឹទ្ធសភា បានផ្ដួចផ្ដើមគំនិតចងក្រង និងធ្វើការបកប្រែជាភាសាអង់គ្លេស
និងបារាំងប្រកបដោយការសម្រិតសម្រាំងយ៉ាងហ្មត់ចត់ ដោយបានរួមបញ្ចូលវិសោធនកម្មទាំងអស់។
គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម
ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ គិតមកដល់ត្រឹមខែមីនា ឆ្នាំ២០០៨ មានវិសោធនកម្ម ០៦ លើក
(ខែ កក្កដា ឆ្នាំ ១៩៩៤, ខែ មីនា ឆ្នាំ ១៩៩៩, ខែ កក្កដា ឆ្នាំ ២០០១, ខែ មិថុនា ឆ្នាំ
២០០៥, ខែ មីនា ឆ្នាំ ២០០៦ និងខែ កុម្ភៈ ឆ្នាំ ២០០៨) ត្រូវបានធ្វើនិងប្រកាសឲ្យប្រើប្រាស់។
ដោយឡែក ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃ ស្ថាប័នជាតិ ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ
នស/ រកម/០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រា
គឺមាត្រា ៦។
បុព្វកថា
យើង ជាប្រជារាស្ត្រខែ្មរ
ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់
ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សចុងក្រោយនេះ
ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោក ស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង
ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា
អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា ”កោះសន្តិភាព” ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា
ធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឱ្យបានឈានទ្បើងរីកចំរើន
លូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្តរ៍។ ក្នុងឆន្ទៈមោះមុតនេះ យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ ៖
ជំពូកទី ១ អំពីអធិបតេយ្យ
មាត្រា ១.-ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ
ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា
ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
មាត្រា ២.-បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា
មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣
ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩។
មាត្រា ៣.-ព្រះរាជាណាចក្រកម្ពុជា
ជារដ្ឋដែលមិនអាចបំបែកបាន។
មាត្រា ៥.-ភាសា និងអក្សរ ដែលប្រើជាផ្លូវការគឺ
ភាសា និងអក្សរខ្មែរ។
មាត្រា ៦.-
ភ្នំពេញ ជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ ភ្លេងជាតិ និង
សញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១, ២ និង ៣។
ជំពូកទី ២ អំពីព្រះមហាក្សត្រ
មាត្រា ៧.- ព្រះមហាក្សត្រកម្ពុជា
ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។
អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
មាត្រា ៨.-ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ
និង និរន្តរ៍ភាពជាតិ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ
អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ
និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។
មាត្រា ៩.-ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល
ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។
មាត្រា ១០.-របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។
មាត្រា ១១ ថ្មី.-ក្នុងករណីដែលព្រះមហាក្សត្រ
ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់
មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង
នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា
ព្រះរាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា
ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ
ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។
តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត
ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ:
ក-អនុប្រធានទី ១ ព្រឹទ្ធសភា
ខ-អនុប្រធានទី ១ រដ្ឋសភា
គ-អនុប្រធានទី ២ ព្រឹទ្ធសភា
ឃ-អនុប្រធានទី ២ រដ្ឋសភា
មាត្រា ១២ ថ្មី.-នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត
ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា
ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទិវង្គត
ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី
២ និង ទី ៣ នៃមាត្រា ១១ ថ្មី។
មាត្រា ១៣ ថ្មី.-ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ
ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។
សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន:
• ប្រធានព្រឹទ្ធសភា
• ប្រធានរដ្ឋសភា
• នាយករដ្ឋមន្ត្រី
• សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
• អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
• អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ
នឹងមានកំណត់ក្នុងច្បាប់មួយ។
មាត្រា ១៤.-ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច
៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម
ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ។
មុនចូលគ្រងរាជ្យសម្បត្តិ
ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។
មាត្រា ១៥.-ព្រះជាយានៃព្រះមហាក្សត្រ
មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ១៦.-ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា
ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល
ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។
ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា
ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ
និង ការទូត។
មាត្រា ១៧.-ប្រការដែលព្រះមហាក្សត្រ
ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី
១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។
មាត្រា ១៨ ថ្មី.-ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា
និងរដ្ឋសភាដោយព្រះរាជសារ។
ព្រះរាជសារនេះ ព្រឹទ្ធសភា
និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។
មាត្រា ១៩ ថ្មី.-ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី
និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី។
មាត្រា ២០.-ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ
ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍
នៃប្រទេសជាតិ។
មាត្រា ២១.-តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល
និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។
តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។
មាត្រា ២២ ថ្មី.-នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់
ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី
នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
មាត្រា ២៣.-ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល
នៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។
មាត្រា ២៤ ថ្មី.-ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី
នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម
ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។
មាត្រា ២៥.-ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត
ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២៦ ថ្មី.-ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា
និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា
និង ព្រឹទ្ធសភា។
មាត្រា ២៧.-ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស
និង លើកលែងទោស។
មាត្រា ២៨ ថ្មី.-ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ
ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី
គណៈរដ្ឋមន្ត្រី។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន
ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ
លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់
សិទ្ធិ។
មាត្រា ២៩ ថ្មី.-ព្រះមហាក្សត្រ ទ្រង់បង្កើត
និង ប្រទានគ្រឿងឥស្សរិយយសជាតិ។
ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ
ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់។
មាត្រា ៣០ ថ្មី.-ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន
ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា
ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន
ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា
១១ ថ្មី។
ជំពូកទី ៣ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
មាត្រា ៣១.-ព្រះរាជាណាចក្រកម្ពុជា
ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់
មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ
ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ
មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
មាត្រា ៣២.-ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត
មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។
ទោសប្រហារជីវិត មិនត្រូវឱ្យមានឡើយ។
មាត្រា ៣៣.-ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ
និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស
ត្រូវបានរដ្ឋគាំពារ។
ការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។
មាត្រា ៣៤ ថ្មី.-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត
និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត
និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។
មាត្រា ៣៥.-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។
សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ
ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រា ៣៦.-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្ដីត្រូវការរបស់សង្គម។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា។
ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃ
ដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
មានសិទ្ធិបង្កើតសហជីព និង ចូលជាសមាជិកសហជីពនេះ។
ការរៀបចំ និង ការ ប្រព្រឹត្តទៅនៃសហជីព
នឹងមានកំណត់ក្នុងច្បាប់។
មាត្រា ៣៧.-សិទ្ធិធ្វើកូដកម្ម និង
ធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
មាត្រា ៣៨.-ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។
ច្បាប់ការពារ ជីវិត កិត្តិយស
និង សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ការចោទប្រកាន់ ការចាប់ខ្លួន
ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ
ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។
អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។
ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី
តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។
វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស
ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។
មាត្រា ៣៩.-ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្ដឹងបរិហារ
ប្ដឹងតវ៉ា ឬប្ដឹងទារសំណងជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ
របស់អង្គការសង្គម និង របស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្ដឹងតវ៉ា និង សំណងជួសជុលការខូចខាត
ជាសមត្ថកិច្ចរបស់តុលាការ។
មាត្រា ៤០.-សេរីភាពក្នុងការដើរឆ្ងាយ
ជិត និង តាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ
អាចចេញទៅតាំងទីលំនៅនៅប្រទេសក្រៅ ឬ វិលត្រឡប់មកវិញបាន។
ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន
និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និងតាមទូរស័ព្ទ
ត្រូវបានធានា។
ការឆែកឆេរលំនៅឋាន សម្ភារៈ
វត្ថុ និង លើរូបបុគ្គល ត្រូវធ្វើឱ្យស្របនឹងបញ្ញត្តិច្បាប់។
មាត្រា ៤១.-ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន
សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ
នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ
និង ដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។
មាត្រា ៤២.-ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម
និង គណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ
អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និង សណ្ដាប់ធ្នាប់សង្គម។
មាត្រា ៤៣.-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
មានសិទ្ធិពេញទីខាងជំនឿ។
សេរីភាពខាងជំនឿ និង ការប្រតិបត្តិខាងផ្លូវសាសនា
ត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់
និង សន្តិសុខសាធារណៈ។
ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
មាត្រា ៤៤.-ជនណាក៏ដោយ ទោះជាបុគ្គលក្ដី
ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់
កម្មសិទ្ធិលើដីធ្លី។
កម្មសិទ្ធិឯកជនស្របច្បាប់
ស្ថិតនៅក្រោមការគាំពារនៃច្បាប់។
ដែលនឹងដកហូតកម្មសិទ្ធិ
អំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក
ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យ និង យុត្តិធម៌។
មាត្រា ៤៥.-ការរើសអើងគ្រប់ប្រភេទ
ប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។
ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី
ត្រូវហាមឃាត់។
បុរស និង ស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់
ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និង គ្រួសារ។
អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់
និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្ដីមួយ ប្រពន្ធមួយ។
មាត្រា ៤៦.-អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម
និង អំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។
ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ
ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សំរាកនៅពេលសំរាលកូនដោយទទួលប្រាក់បៀវត្ស និង ដោយមានកាធានារក្សាសិទ្ធិអតីតភាពក្នុងការងារ
និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។
រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី
ជាពិសេសនារីនៅជនបទ ដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភ ដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ
ឱ្យកូនទៅរៀន និង មានជីវភាពរស់នៅសមរម្យ។
មាត្រា ៤៧.-មាតាបិតា មានកាតព្វកិច្ចចិញ្ចឹមថែរក្សា
និង អប់រំកូនឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីយកិច្ចចិញ្ចឹម និង បីបាច់ថែរក្សាមាតាបិតា
ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។
មាត្រា ៤៨.-រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ
ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ
សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាម និង ការការពារប្រឆាំងនឹងអាជីវកម្ម
សេដ្ឋកិច្ច ឬកាមគុណលើកុមារ។
រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ
ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ។
មាត្រា ៤៩.-ប្រជាពលរដ្ឋខ្មែរគ្រប់រូប
ត្រូវគោរពរដ្ឋធម្មនុញ្ញ និង គោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប
មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និង ការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិ
ត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
មាត្រា ៥០.-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
ត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
ត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និង កម្មសិទ្ធិស្របច្បាប់របស់ឯកជន។
ជំពូកទី ៤ អំពីរបបនយោបាយ
មាត្រា ៥១ ថ្មី.- ព្រះរាជាណាចក្រកម្ពុជា
អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា
នៃប្រទេសជាតិរបស់ខ្លួន។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជម្រះក្ដី។
អំណាចបែងចែកដាច់ពីគ្នា
រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ។
មាត្រា ៥២.-រាជរដ្ឋាភិបាលកម្ពុជា
ប្ដេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ
ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព
ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ
និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
មាត្រា ៥៣.-ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត
អចិន្ត្រៃយ៍ និង មិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង
និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
ព្រះរាជាណាចក្រកម្ពុជា
មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល
ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញមក។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា
ឬ ចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
ព្រះរាជាណាចក្រកម្ពុជា
មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ
លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
ព្រះរាជាណាចក្រ រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា
អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធ និង ជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន
និង ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
មាត្រា ៥៤.-ការផលិត ការប្រើប្រាស់
ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ ត្រូវហាមឃាត់ដាច់ខាត។
មាត្រា ៥៥.-សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយណា
ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា
ត្រូវលុបចោល។
ជំពូកទី ៥ អំពីសេដ្ឋកិច្ច
មាត្រា ៥៦.-ព្រះរាជាណាចក្រកម្ពុជា
អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
ការរៀបចំ និង ការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះ
នឹងមានកំណត់ក្នុងច្បាប់។
មាត្រា ៥៧.-ការយកពន្ធដារនឹងអាចធ្វើទៅបាន
លុះត្រាតែមានច្បាប់អនុញ្ញាត។ ថវិកាជាតិ ត្រូវបានកំណត់ឱ្យអនុវត្តតាមច្បាប់។
របបគ្រប់គ្រងរូបិយវត្ថុ
និង ប្រព័ន្ធហិរញ្ញវត្ថុ ត្រូវកំណត់ក្នុងច្បាប់។
មាត្រា ៥៨.-ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍
ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ
ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស
សំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់រដ្ឋ។
ការគ្រប់គ្រង ការប្រើប្រាស់
និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់។
មាត្រា ៥៩.-រដ្ឋត្រូវរក្សាការពារបរិស្ថាន
និង តុល្យភាព នៃភោគទ្រព្យធម្មជាតិហើយត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ក្នុង ការគ្រប់គ្រង
មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត
និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និង អនុផលព្រៃឈើពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល។
មាត្រា ៦០.-ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។
ការតម្រូវឱ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយ
ត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាត។
មាត្រា ៦១.-រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ
ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹក
ភ្លើង ផ្លូវ និង មធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និង ប្រព័ន្ធឥណទាន។
មាត្រា ៦២.-រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត
ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។
មាត្រា ៦៣.-រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ
ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
មាត្រា ៦៤.-រដ្ឋហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូល
ផលិតលក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើ។
ជំពូកទី ៦ អំពីអប់រំ វប្បធម៌ និងសង្គមកិច្ច
មាត្រា ៦៥.-រដ្ឋត្រូវការពារ និង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ
ក្នុងការទទួលការអប់រំប្រកបដោយគុណភាព នៅគ្រប់កម្រិត និង ត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ
ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។
រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ
និងកីឡា ដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
មាត្រា ៦៦.-រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ
និង ឯកភាពនៅទូទាំងប្រទេស ដែលធានាឱ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការ និងគោលការណ៍សមភាពក្នុងការអប់រំ
ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ ស្មើគ្នាក្នុងការកសាងជីវិត។
មាត្រា ៦៧.-រដ្ឋអនុវត្តកម្មវិធីសិក្សា
និង គោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និង ភាសាបរទេស។
រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សា
និងថ្នាក់សិក្សាសាធារណៈ និងឯកជននៅគ្រប់ភូមិសិក្សា។
មាត្រា ៦៨.-រដ្ឋផ្ដល់កិច្ចការអប់រំផ្នែកបឋម
និង មធ្យមសិក្សានៅសាលារៀនសាធារណៈសំរាប់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតបង់ថ្លៃ។
ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិច
ប្រាំបួនឆ្នាំ។
រដ្ឋជួយផ្សព្វផ្សាយ និង
លើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា។
មាត្រា ៦៩.-
រដ្ឋមានកាតព្វកិច្ចថែរក្សា
និង ពង្រីកវប្បធម៌ជាតិ។
រដ្ឋមានកាតព្វកិច្ចការពារ
និង ពង្រីកភាសាខ្មែរ ឱ្យសមស្របនឹងសេចក្ដីត្រូវការ។
រដ្ឋមានកាតព្វកិច្ចថែរក្សា
និង ការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលំអរមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ។
មាត្រា ៧០.-បទល្មើសទាំងឡាយដែលប៉ះពាល់
ឬទាក់ទងនឹងបេតិកភណ្ឌវប្បធម៌ និង បេតិកភណ្ឌសិល្បៈ ត្រូវផ្ដន្ទាទោសជាទម្ងន់។
មាត្រា ៧១.-បរិវេណបេតិកភណ្ឌជាតិ ក៏ដូចជាបេតិកភណ្ឌ
ដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យាក្រឹត ដែលមិនឱ្យមានសកម្មភាពយោធា។
មាត្រា ៧២.-សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។
រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺ និង ព្យាបាលជម្ងឺ។ ប្រជារាស្ត្រក្រីក្រ ត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃ
នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និង មន្ទីរសម្ភពសាធារណៈ។
រដ្ឋរៀបចំឱ្យមានគិលានដ្ឋាន
និង មន្ទីរសម្ភពដល់ជនបទ។
មាត្រា ៧៣.-រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ
និង មាតា។ រដ្ឋរៀបចំឱ្យមានទារកដ្ឋាន និង ជួយឧបត្ថម្ភនារី ដែលមានកូនច្រើនក្នុងបន្ទុក
ហើយឥតទីពឹង។
មាត្រា ៧៤.-រដ្ឋជួយឧបត្ថម្ភជនពិការ
និង ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។
មាត្រា ៧៥.-រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករ
និង និយោជិត។


0 comments:
Post a Comment